(ភ្នំពេញ)៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ)។
ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង២៧៩,២១ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សូមជម្រាបថា ជាការគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាប្រចាំ ដោយឃាត់ខ្លួនឧក្រិដ្ឋជន បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍នីតិវិធីផងដែរ។
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់ កម្លាំងជំនាញមន្ទីរបានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕