(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៉ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស ។
នាឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ការអភិវឌ្ឍបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួនដូចជាពាណិជ្ជកម្ម ការវិនិយោគ ធនធានមនុស្ស ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ។
បណ្ឌិត ចែម វីឌ្យ៉ា បានរំលឹកឡើងវិញអំពីខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតការពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអង់គ្លេសដែលបានផ្តល់ជំនួយ និងការគាំទ្រដល់កម្ពុជា ជាពិសេសការផ្តល់ជូនកម្ពុជានូវគ្រោង ការណ៍ ពាណិជ្ជកម្ម ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ។ បណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការទូតប្រពៃណី និងការទូតសភា។
លោកស្រី Anne-Marie Trevelyan បានមើលឃើញពីកាលានុវត្តន៍ភាពសេដ្ឋកិច្ច យ៉ាងទូលំទូលាយក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់ប្រទេសកម្ពុជា ហើយលោកស្រីនឹងរាយការណ៍អំពីសក្តានុពលនេះជូនរដ្ឋាភិបាលអង់គ្លេស។ លោកស្រី បានសង្កត់ធ្ងន់ លើតម្រូវការ ក្នុង ការពង្រីកសមិទ្ធផលជាច្រើន នៃព្រះរាជាណាចក្រ អាស៊ីមួយនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងជាកង្វល់រួម៕