(ស្វីស)៖ លោក លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងបានជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC)។
អង្គប្រជុំបានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា និងការដោះស្រាយបញ្ហាអនុលោមភាពនៃរដ្ឋសមាជិកចំនួន ៣ រួមមាន ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាងនេះទៅទៀត អង្គប្រជុំ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះការចាប់ផ្តើមមានវត្តមានគ្រាប់មីនប្រឆាំងមនុស្សនៅទ្វីបអ៊ឺរ៉ុប ដែលបាននឹងកំពុងប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែង-រុស្ស៊ី។
ជាមួយគ្នានោះ អង្គប្រជុំបានសម្រួលដល់កិច្ចពិភាក្សាបើកចំហរលើការផ្លាស់ប្តូរយន្តការនៃអនុសញ្ញាដែលបានស្នើឡើង ដើម្បីបង្កើនប្រសិទ្ធភាពនៃអនុសញ្ញា និងរៀបចំផែនការយុទ្ធសាស្ត្រលើវិធានការអនុលោមភាពកិច្ចសហប្រតិបត្តិ្កការ។
លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះប្រទេសជារដ្ឋភាគីនៃអនុសញ្ញាដែលចូលរួមចែករំលែកនូវទស្សនទានសម្រាប់កិច្ចការនៃគណៈកម្មការស្តីពីអនុលោមភាពកិច្ចសហប្រតិបត្តិការ ដែលការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ក្នុងនាមជារដ្ឋភាគីផងដែរ៕