(ហ្សាកាតា)៖ ការរញ្ជួយដីកម្រិតមធ្យមមួយកាលពីល្ងាចថ្ងៃអាទិត្យ (២៥ កុម្ភៈ) បានអង្រួនផ្នែកខ្លះនៃកោះ Java និងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែភ្លាមៗមិនមានរបាយការណ៍អំពីការខូចខាតឬរបួសនៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីកម្រិតបឋម ៥.៦ រ៉ិចទ័រ បានកើតឡើងនៅជម្រៅ ៣៧.២ គីឡូម៉ែត្រខាងក្រោមផ្ទៃ និងអង្កត់ផ្ចិតរបស់វាមានចម្ងាយ ៨០ គីឡូម៉ែត្រពីភាគនិរតី នៃទីក្រុងឆ្នេរសមុទ្រ Belabuhanratu ក្នុងខេត្ត Java ខាងលិច (West Java)។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានវាស់វែងកម្រិតដំបូងរបស់វានៅកម្រិត ៥.៧ នៅជម្រៅ ១០ គីឡូម៉ែត្រ។ ការប្រែប្រួលនៃការវាស់វែងបឋមនៃការរញ្ជួយដី គឺជារឿងធម្មតា។
លោក Dariono ដែលជាប្រធានមជ្ឈមណ្ឌលរញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារនេះ បាននិយាយថា អ្នកស្រុកនៅក្នុងទីក្រុងហ្សាកាតា និងភូមិមួយចំនួនមានអារម្មណ៍ថា មានការរញ្ជួយដីខ្លាំង ហើយបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមមនុស្សមួយចំនួន។ លោកបានបន្ថែមថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមិនោះទេ ប៉ុន្តែបានព្រមានអំពីការរញ្ជួយដីដែលអាចកើតមាន។
អគារខ្ពស់ៗក្នុងរដ្ឋធានីហ្សាកាតា បានរង្គោះរង្គើអស់ជាច្រើនវិនាទី ខណៈផ្ទះមានកម្ពស់ពីរជាន់ឡើង នៅទីក្រុង Bandung រដ្ឋធានីនៃខេត្ត Java ខាងលិច និងនៅក្នុងទីក្រុង Bogor និងទីក្រុង Bekasi ដែលជាទីក្រុងរណបរបស់ហ្សាកាតា ក៏បានរញ្ជួយយ៉ាងខ្លាំងផងដែរ។
ការរញ្ជួយដីកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប្រជុំកោះដ៏ធំមួយនេះ ប៉ុន្តែពួកគេកម្រឃើញកើតមាននៅក្នុងទីក្រុងហ្សាកាតាណាស់។
ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជន ២៧០ លាននាក់ ងាយនឹងរងគ្រោះរញ្ជួយដីណាស់ ដោយសារទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះ ស្ថិតនៅលើចំណុចមួយដែលគេស្គាល់ថាជា «ចញ្ចៀនផ្កាភ្លើង» ឬ Ring of Fire នៃមហាសមុទ្រប៉ាស៊ីហ្វិក។
ការរញ្ជួយដីកម្រិត ៥.៦ រិចទ័រកាលពីឆ្នាំមុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០២ នាក់នៅទីក្រុង Cianjur ខេត្តជ្វាខាងលិច។ វាជាចំនួនអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ ឆ្នាំ ២០១៨ ដែលបានសម្លាប់មនុស្សជាង ៤,៣០០ នាក់។
នៅឆ្នាំ ២០០៤ ការរញ្ជួយដីដ៏ខ្លាំងមួយនៅមហាសមុទ្រឥណ្ឌា បានបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សជាង ២៣០,០០០ នាក់នៅក្នុងប្រទេសជាច្រើន ដែលភាគច្រើននៃពួកគេនៅខេត្ត Aceh នៃប្រទេសឥណ្ឌូនេស៊ី៕