(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលធ្វើឡើងដោយយន្តហោះចម្បាំងអាមេរិក និងអង់គ្លេសលើរដ្ឋធានីសាណា ប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ដោយពណ៌នាអំពីការវាយប្រហារយោធាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា ជា «ការបំពានលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ក៏ដូចជារំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន»។
លោក Kanaani បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ពួកគេ «គាំទ្រឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល» នៅក្នុងតំបន់ Gaza Strip និង West Bank ហើយ «ពួកគេផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តចំពោះសន្តិសុខ និងគោលដៅខុសច្បាប់របស់អ៊ីស្រាអែល ជុំវិញសន្តិភាព និងសន្តិសុខអន្តរជាតិ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា តាមរយៈការវាយប្រហារបែបនេះ សហរដ្ឋអាមេរិក និងអង់គ្លេសស្វែងរក «បង្កើនភាពតានតឹង និងវិបត្តិក្នុងតំបន់ ពង្រីកវិសាលភាពនៃសង្គ្រាម និងអស្ថិរភាព បង្វែរមតិសាធារណៈពីឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល និងផ្តល់ឱកាសឱ្យអ៊ីស្រាអែលបន្តឧក្រិដ្ឋកម្មសង្រ្គាម»៕