បណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយទូតអាមេរិក ប្រចាំអាស៊ាន និងតំណាងអង្គការ UNIDO ទទួលបន្ទុកឥណ្ឌូណេស៊ី ទីម័រខាងកើត និងកិច្ចការអាស៊ាន

(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Yohannes A. Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងតាមរយៈ ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរកសាងសហគមន៍អាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាធិការអាស៊ាន នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។

ដោយឡែកនៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឱ្យលោក Marco Kamiya តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ទទួលបន្ទុកឥណ្ឌូណេស៊ី ទីម័រខាងកើត និងកិច្ចការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការនៅក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មតំបន់ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានផ្សេងទៀត រវាងអាស៊ាន និងអង្គការ UNIDO នៅក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។ ជំនួបទាំងពីរនេះបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕