ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសថៃ សួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក ដែលតុលាការទើប​អនុញ្ញាត​ឱ្យ​មាន​សេរីភាព ក្រោយជាប់ពន្ធនាគាររយៈពេលជាង៥ខែ។

ព័ត៌មាននេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់នៅយប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីជួបសួរសុខទុក្ខលោក ថាក់ស៉ីន ហើយ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង​ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង​អំឡុង​ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។

កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់​សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។

តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារ៕