កោះកុង÷ ទីតាំងល្បែងបើកលេងផ្សងសំ ណាងខុសច្បាប់ក្នុងរោងកាហ្វេនៅក្នុងក្រុខេមរៈភូមិន្ទ ត្រូវបានកម្លាំងចម្រុះ ថ្នាក់ខេត្ត ក្រុង.ស្រុក និងអ្នកពាក់ព័ន្ធ ឃុំ. សង្កាត់ ចុះធ្វើកិច្ចសន្យា លើម្ចាស់ទីតាំងចំនួន ៥ កន្លែង ដោយបិទអាជីវកម្មមិនឱ្យបន្តបើកល្បែងស៊ីសង ឆ្នោតឡូតូ មាន់ជល់អនឡាញ និងល្បែងផ្សងសំណាងផ្សេងៗទៀត ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ។
ការចុះធ្វើកិច្ចសន្យា បិទអាជីវកម្មល្បែង ស៊ីសងផ្សងសំណាងនៅតាមរោងកាហ្វេខាងលើ លោក ហាក់ ឡេង អភិបាលរង ខេត្ត បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងតាមបទបញ្ជាផ្ទាល់របស់លោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង និងជាគណៈបញ្ជាការឯក ភាពខេត្ត លោកបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យ បិទទីតាំងល្បែងស៊ី សងផ្សងសំណាង ឬជល់មាន់តាមអនឡាញចំនួន ៥ កន្លែង ដោយមិនអនុញ្ញាតឱ្យ ធ្វើសកម្មភាពទៀតឡើយ។ លោកថាកិច្ចការនេះ លោកនឹងបន្តចុះអនុវត្តគ្រប់បណ្ដាលស្រុក ក្នុងទីរួមខេត្តកោះកុង ដើម្បីបញ្ឈប់ការលេងល្បែងដោយខុសច្បាប់។
លោកអភិបាលរងខេត្ត បន្ថែមថា ការលេងល្បែងស៊ីសង វានាំមកកើតនៅអំពើហិង្សាក្នុងគ្រួសារ ម្យ៉ាងទៀតធ្វើឲ្យអសន្តិ សុខ មានចោរឆក់ ចោរលួចក្នុងមូលដ្ឋាន ។ ដោយបានព្រមានថា ក្នុងករណីអាជ្ញាធរសមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងល្បែងស៊ីសងខាងលើមិនគោរពតាមកិច្ចសន្យា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា នៅក្នុងខេត្តកោះកុង មានទីតាំងលេង ល្បែងផ្សងសំណាងប្រមាណជា ៣០ ទៅ ៤០ ទីតាំង ដូចនេះលោកនឹងបន្តតាមដានពិនិត្យបង្ក្រាបឲ្យបានទាន់ពេលវេលា ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដោយពាក្យស្លោកចាស់ពោលថា ល្បែងតែងវិនាស។
គួរបញ្ជាក់ថា ដើម្បីអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងតាមបទបញ្ជារបស់លោកជំទាវអភិបាលខេត្ត លោកហាក់ ឡេង អភិបាលរងខេត្ត បានរំលឹកថា កិច្ចការនេះមិនចុះតែមួយដង ឬធ្វើតែមួយពេលនោះទេ គឺធ្វើដូចភ្លៀងរលឹម៕ ដោយ សេនពិសិដ្ឋ