(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលស៊េរីថ្មីមួយបាញ់ពីផ្ទៃដី ទៅផ្ទៃទឹក កាលពីថ្ងៃពុធម្សិលមិញ ហើយក៏បានធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិតអាវុធដ៏សំខាន់មួយផងដែរ។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអះអាងថាកូរ៉េខាងជើង បានបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់នៅឆ្នេរភាគខាងកើតរបស់ខ្លួន ដែលនេះជាការធ្វើតេស្ដបាញ់ មីស៊ីលច្រើនគ្រាប់លើកចុងក្រោយបំផុត នារយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ មុនកូរ៉េខាងត្បូងរៀបចំការបោះឆ្នោតសភានៅខែមេសាខាងមុខ។ តាម KCNA លោក គីម បាននិយាយថាកូរ៉េខាងត្បូងបានបំពានលើអធិបតេយ្យរបស់កូរ៉េខាងជើង ជុំវិញជម្លោះព្រំដែនសមុទ្ររវាងកូរ៉េទាំង២ ហើយលោកបានបញ្ជាឱ្យ កងទ័ពកូរ៉េខាងជើងត្រៀមលក្ខណៈយ៉ាងរឹងមាំ នៅក្នុងដែនទឹកភាគខាងជើងនៃកោះ Yeonpyeong និងដែនទឹកភាគខាងលិចនៃតំបន់ឧបទ្វីបកូរ៉េ។
ដោយឡែក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលវិញ KCNA បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលស៊េរីថ្មីមួយមានឈ្មោះថា Padasuri-6 ឬ Sea Eagle-6 ដែលបានហោះលើសមុទ្រ និងវាយប្រហារចំគោលដៅដែលបានរៀបចំឡើង។ មិនតែប៉ុណ្ណោះ លោក គីម ក៏បានធ្វើទស្សនកិច្ច ទៅកាន់រោងចក្រ ផលិតអាវុធដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការធ្វើទំនើបកម្មការផលិតអាវុធ៕