ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេលបីថ្ងៃ ខេត្តកោះ កុង ទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានចំនួន ១៦,៣៩៩ នាក់ កើនឡើង ៥,៧៦៣នាក់

កោះកុង÷ រយះពេល៣ថ្ងៃ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្ត តាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងទឹកដីខេត្តកោះកុងមានការកើនឡើង ៥,៧៦៣ នាក់ ស្មើនឹង ៥៤% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ ២០២៣  នេះបើយោងតាមការបញ្ជាក់មន្ទីសទេសចរខេត្តកោះកុង។

បើតាមការបញ្ជាក់ពីលោក សៀក សាបុន ប្រធានសហគមន៍តំបន់ការពារពាមក្រ សោប លោកបានបញ្ជាក់ថា នៅក្នុងសហគមន៍របស់លោក ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ ភ្ញៀវមិនសូវមានការកើនឡើងប៉ុន្មានទេ ដោយហេតុផ្លូវជាតិលេខ ៤៨ កំពុងសាងសង់ តែលោក សង្ឃឹមថា ផ្លូវជាតិទាំងពីរនេះក្រោយពីររាជរដ្ឋាភិបាលសាងសង់រួច ភ្ញៀវទេស ចរណ៍ជាតិ-និងអន្តរជាតិ ចូលមកទស្សនាកំសាន្តក្នុងសហគមន៍របស់លោក កាន់តែកើនឡើង។

លោកបានបន្តទៀតថា ខេត្តកោះកុងមានសក្កដានុពលធំធេងណាស់ ដែលនិងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកំសាន្ត ពិសេសសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបរបស់លោក ដែលមានដើមកោងកាងដ៏ស្រស់ បំព្រង ព្រមទាំងមានទីតាំងជាច្រើនកន្លែងទៀត ដែលភ្ញៀវអញ្ជើញទៅទស្សនា ដូច ជា ទៅទស្សនាត្រីសោត ខ្យងចំពុះទា ធ្នេរ កោះ និងសត្វស្លាប។ល។

លោកបន្ថែមថា សហគមន៍របស់លោក មានទូកប្រមាណជា ១០៧ទូក ដោយចែកជា៤ក្រុម ក្នុងមួយក្រុមមួយអាទិត្យសម្រាប់ជូនភ្ញៀវទេសចរណ៍ទៅទស្សនាកំសាន្តនៅតាមគោលដៅផ្សេងៗ ដោយទូកនីមួយៗមានរៀបចំឧបករណ៍អាវពោងគ្រប់គ្រាន់សម្រាប់ភ្ញៀវ ដោយកំណត់ទូក១គ្រឿង ដាក់ភ្ញៀវមិនឱ្យលើសពី ១២ នាក់ទាំងក្មេងនោះឡើយ ដោយឡែកម្ហូបអាហាររឿងសមុទ្រ មានតម្លៃសមរម្យដែលភ្ញៀវអាចទទួលយកបាន។

យោងតាមទូលលេខមន្ទីរទេសចរណ៍ខេត្តកោះកុង ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទទី១១ ខែកុម្ភៈឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៦,០៤៤នាក់ កើនឡើង ៥,៦១៦ នាក់ ស្មើនឹង ៥៣% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ភ្ញៀវបរទេសចំនួន ៣៥៥ នាក់ កើនឡើង ១៤៧ នាក់ ស្មើរនឹង ៧០% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។
សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ ចំនួន ១៦,៣៩៩ នាក់ កើនឡើង ៥,៧៦៣ នាក់ ថ្មើរហ្នឹង ៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ ដោយ សេន ពិសិដ្ឋ