សហរដ្ឋអាមេរិក ទទួលស្គាល់ថាមិនបានប្រាប់អ៉ីរ៉ាក់ឱ្យដឹងមុន ពីការវាយប្រហារសងសឹកតាម ផ្លូវអាកាសទេ


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ ថាខ្លួនមិនបានជូនដំណឹងជាមុនដល់រដ្ឋាភិបាលអ៉ីរ៉ាក់នោះទេ ពីការវាយប្រហារសងសឹកលើចលនា ប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលនេះជាការកែតម្រូវលើសេចក្ដីថ្លែងការណ៍ មួយរបស់សេតវិមាន ដែលថាវ៉ាស៊ីនតោនបានប្រាប់ទីក្រុងបាកដាដ ឱ្យដឹងជាមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានឡើយការជូនដំណឹងជាមុន តែយើងបានជូនដំណឹងដល់ អ៉ីរ៉ាក់ភ្លាមៗក្រោយការវាយប្រហារតាមផ្លូវអាកាសកើតឡើង»។ លោកបន្ថែមថារដ្ឋាភិបាលអ៉ីរ៉ាក់ រួមទាំងប្រទេសទាំងអស់ក្នុងតំបន់ សុទ្ធតែបានដឹងថានឹងមានការឆ្លើយតបរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់ទាហានអាមេរិក៕