(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាន អាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Darius Gaidys ឯកអគ្គ រដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋ លីទុយអានីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរលោក Darius Gaidys ដែល ចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំអាស៊ាន និងបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ លីទុយអានី ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេស ពង្រឹងវត្តមានការទូតនៅក្នុង អាស៊ាន។
ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាព អឺរ៉ុបលើកទី ២៤ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយសង្ឃឹមពង្រឹងទំនាក់ទំនង រវាងអាស៊ាន និងលីទុយអានីឱ្យកាន់តែមានទម្ងន់ រួមទាំងតាម រយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប៕