(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា «ក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា ទទួលបាននូវវឌ្ឍនភាពថ្មីៗថែមទៀត»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះវីរភាពដឹកនាំ របស់ សម្ដេចវិបុលសេនាភក្តី ដែលជាឥស្សរជនខ្មែរដ៏ឆ្នើមមួយរូប មានឧត្តមគតិ បទពិសោធន៍ជ្រៅជ្រះ និងឆន្ទៈមោះមុត ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ឱ្យបានកាន់តែរឹងមាំ ដែលធានាបាននូវវឌ្ឍនភាព ស្ថិរភាព សន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ស្ថិតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖