ក្រសួងសុខាភិបាលនឹងរឹតបន្តឹងការត្រួតពិនិត្យបន្ថែមទៀត នៅតាមព្រលានយន្តហោះ

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងរឹតបន្តឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនៅព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការនាំជំងឺកូវីដ-១៩ មកពីខាងក្រៅ។

លោករដ្ឋមន្ត្រីបានលើកឡើងថា “ខ្ញុំកំពុងចេញគោលការណ៍ប្រតិបត្តិនៅតាមអាកាសយាន្តដ្ឋាន ដើម្បីត្រួតពិនិត្យអ្នកចេញ-ចូលអាកាសយានដ្ឋាន ករណីនៅស្រុកខ្មែរ គឺករណីនាំចូល អញ្ចឹងត្រូវធ្វើឱ្យបានតឹងរឹងថែមទៀត”។ លោកបញ្ជាក់ថា ការរឹតបន្តឹងនេះ និងធ្វើឡើងដោយដាក់ម៉ាស៊ីនត្រួតពិនិត្យអ្នកធ្វើដំណើរទាំងអស់ ដើម្បីស្វែករកអ្នកជំងឺកូវីដ-១៩ ហើយដាក់ពង្រឹងការតាមដានជំងឺនេះបន្ថែមទៀតពីព្រោះ ករណីចូលស្រុកខ្មែរជាករណីនាំចូល ដូច្នេះយើងពង្រឹងឱ្យបានហ្មត់ចត់ថែមទៀត។

លោកម៉ម ប៊ុនហេង បានបន្តទៀតថា ការពង្រឹងនោះ ក្រសួងនឹងដាក់ប៉ាន័រ នៅតាមព្រលានយន្តហោះ ហើយអ្នកចេញ-ចូលព្រលានយន្ដហោះ ត្រូវមានលិខិតបញ្ជាក់ថាមិនមានវីរុសកូវីដ-១៩នោះទេ ហើយត្រូវពិនិត្យក្នុងរយៈពេល៧២ម៉ោង។ ចំពោះអ្នកទាំងនោះត្រូវធ្វើចក្តាឡីស័ក១៤ថ្ងៃ ហើយត្រូវបង់លុយទុក បន្ទាប់មកក្រុមចក្តាឡី ស័ក នឹងធ្វើការជាមួយអាកាសយាន្តដ្ឋានក្នុងការអនាម័យឱ្យកាន់តែល្អថែមទៀតដើម្បីធានាថា កម្ពុជាគ្មានជំងឺកូវីដ-១៩៕