ផ្ទះមួយខ្នងរបស់អ្នកយកព័ត៌មានទូរទស្សន៍លេខ៩ត្រូវអគ្គីសភ័យលេបត្របាក់

បន្ទាយមានជ័យ : វាពិតជាលឿនពេកហើយផ្ទះមួយខ្នងសង់អំពីឈើលើថ្មក្រោមត្រូវបានអគ្គីសភ័យលេបត្របាក់អស់ត្រឹមតែមួយប៉ព្រិចភ្នែក ដែលធ្វើអោយម្ចាស់យំក៏មិនចេញ ស្រែកក៏មិនចេញ។ហេតុការណ៍នេះកើតឡើងនៅវេម៉ោង៩ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យក្រោយផ្សារអូរអំបិល។

អ្នកឃើញហេតុការណ៍និយាយថា គេបានសម្លេងទុស្សេខ្សែភ្លើង ក្រោយមកក៏ឃើញមានផ្សេងហុយចេញរួមនិងអណ្តាតភ្លើងផងដែរបង្កជាអគ្គីសភ័យកើតឡើង។ក្រោយឆាបឆេះសន្ធោសន្ធៅ រថយន្តសង្គ្រោះរបស់ក្រុមអគ្គីសភ័យនៃស្នងការដ្ឋានក៏បានមកដល់ ចាប់ផ្តើមប្រតិបត្តិការបាញ់ពន្លត់។តែដោយស្ថានភាពភ្លើងមានទំហំធំ រថយន្តពន្លត់មិនអាចគ្រប់គ្រងបាន ធ្វើអោយផ្ទះមួយខ្នងនេះឆេះគ្មានសល់អ្វី។

លោក អេម ពៅ អ្នកយកព័ត៌អោយទូរទស្សន៍ ខ្មែរប៉ុស្តិលេខ៩ ប្រចាំខេត្តបាត់ដំបង និងជាម្ចាស់ផ្ទះដែលរងការឆេះបានអោយដឹងថា ភ្លើងបានចាប់ផ្តើមពីផ្នែកខាងលើចំនុចគុបភ្លើង នឹងចាប់ផ្តើមឆេះរាលពេញក្នុងផ្ទះ។លោកបន្ថែមថា លោកមិនអាចអាចធ្វើអ្វីដើម្បីបញ្ឈប់កុំអោយភ្លើងឆេះរាលបានទេ ព្រោះអំណាចនៃភ្លើងហាក់មានសន្ទុះខ្លាំងក្លា ។ ទ្រព្យសម្បត្តិដែលមានរួមនឹងឯកសារពាក់ពន្ធ័ត្រូវបានក្លាយជាចំណីព្រះអគ្គី។

លោក ប៊ុន ផេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលផែនអគ្គីសភ័យបានអោយដឹងថានៅក្នុងប្រតិបត្តិការអន្តរាគមន៍ជួយពន្លត់នោះ កម្លាំងជួយមានមកពីតំបន់ប្រតិបត្តិការសឹករងខេត្ត យោធាទិសទី១ អាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាន។ក្នុងនោះបានបញ្ចេញរថយន្តពីរគ្រឿងនឹងប្រើប្រាស់ទឹកដើម្បីជួយបាញ់ពន្លត់អស់ជិត១០រថយន្តទើបរលត់ទៅទាំងស្រុង។

សូមបញ្ជាក់ផងដែរ នៅក្នុងហេតុការណ៍ឆេះនោះដែរ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានមានវត្តដឹកនាំផ្ទាល់ក្នុងការជួយបាញ់ពន្លត់ផងដែរ៕