អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអនុញ្ញាតឱ្យលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួប លោកបណ្ឌិតរដ្ឋមន្រ្តីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយប្រទសចិនតែមួយ និងជាពិសេសបើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជំងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជាការបញ្ជាក់នូវចំណងមិត្តភាពពិសេស «ស្គាល់មិត្តល្អ ក្នងគ្រាលំបាក»។ លោកបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកតែងតែគាំទ្រយ៉ាងពេញទំហឹង និងជំរុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីទៅតាមផែនការដែលបានកំណត់។

ក្នុងឱកាសនោះដែរ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានថ្លែងអំណរគុណលោកបណ្ឌិតរដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជាមួយគ្នានោះដែរ លោក លូ វី (Lu Wei) បានរាយការណ៍អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។ លោកបញ្ជាក់ថា ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញ និងឯកភាពឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារបញ្ហប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕