(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទ (២៩ មករា) នេះ បានទទួលស្គាល់ជាផ្លូវការ ចំពោះបេក្ខភាព របស់ លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនាខាងមុខ ដែលជាការបោះឆ្នោត ដែលលោក ស្ទើរតែប្រាកដក្នុងចិត្តថានឹងឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតបាននិយាយថា ខ្លួនបានចុះឈ្មោះលោក ពូទីន និង មេដឹកនាំស្តាំនិយម លោក Leonid Slutsky ដែលស្មោះត្រង់នឹងលោកពូទីន ជាបេក្ខជន ប្រធានា ធិបតីសម្រាប់ការបោះឆ្នោត នាពេលខាងមុខ។
ការបោះឆ្នោត គ្រោងនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ដែល ជាវិធានការមួយ ដែលអ្នករិះគន់វិមានក្រឹមឡាំងនិយាយថា នឹងធ្វើឱ្យមានការលំបាកបន្ថែមទៀត ក្នុងការធានាតម្លាភាព។
បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅឆ្នាំ ២០២០ លោក ពូទីន អាចបន្តកាន់អំណាច រហូតដល់ឆ្នាំ ២០៣៦ ។ ក្រុមសិទ្ធិមនុស្សនិយាយថា ការបោះឆ្នោតមុនៗត្រូវបានរំខានដោយភាព មិនប្រក្រតីជាច្រើនករណី ហើយថាអ្នកសង្កេតការណ៍ឯករាជ្យ ក៏ទំនងជាត្រូវបានរារាំងពីការត្រួត ពិនិត្យការបោះឆ្នោតផងដែរ។
គួរបញ្ជាក់ថា បុរសខ្លាំងពូទីន វ័យ ៧១ ឆ្នាំរូបនេះ បានដឹកនាំប្រទេសរុស្ស៊ីចាប់តាំងដើមដំបូង នៃ សតវត្សមកនេះមកម្លេះ ដោយបានឈ្នះការបោះឆ្នោតប្រធានាធិបតីចំនួនបួនអាណត្តិ និងបានបម្រើ ការជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលខ្លីនៅក្នុងប្រព័ន្ធមួយដែលក្រុមប្រឆាំងស្ទើរតែមិនមាន៕