(បាដាដ)៖ អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី ហើយបានអំពាវនាវឱ្យ «បញ្ចប់វដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Bassem al-Awadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលអ៊ីរ៉ាក់ថ្កោលទោសការកើនឡើងនៃជម្លោះនាពេលបច្ចុប្បន្ន» ដោយបន្ថែមថា ខ្លួនមានឆន្ទៈក្នុងការ «សហការបង្កើតច្បាប់មូលដ្ឋាន ដើម្បីការពារផលវិបាកបន្ថែមទៀតនៅក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងនៃជម្លោះ»។
ការអំពាវនាវនេះ កើតក្រោយពេលដែលមូលដ្ឋានភស្តុភារលេខ ២២ ដែលមានទីតាំងនៅព្រំដែនរវាងប្រទេសហ្ស៊កដានី និងស៊ីរី ត្រូវបានវាយប្រហារ ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួស ៣៤ នាក់ផ្សេងទៀត។ នេះជាចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតរបស់អាមេរិក នៅក្នុងឧប្បត្តិហេតុតែមួយ ចាប់តាំងពីក្រុមគាំទ្រអ៊ីរ៉ង់ បានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះប្រឆាំងជីហាដក្នុងខែតុលាមក៕