(ប៉េកាំង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីមួយ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាមីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីខាងលើមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះចំនួន២គ្រាប់ ដោយមានមួយគ្រាប់ហោះបានរយៈពេល ៧,៤២១វិនាទី និងមួយគ្រាប់ទៀតហោះបាន រយៈពេល ៧,៤៤៥វិនាទី មុននឹងធ្លាក់ចំគោលដៅដែលត្រូវបានកំណត់។ តាម KCNA លោក គីម ជុងអ៊ុន បានចាត់ទុកថាការធ្វើតេស្ដនេះធ្វើឡើងដោយ ជោគជ័យមួយដែលនឹងក្លាយជាការជំរុញការធ្វើទំនើបកម្មកងទ័ពជើងទឹកដ៏ខ្លាំងក្លាមួយរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ Pulhwasal-3-31 ដោយកាលពីសប្ដាហ៍មុន ព្យុងយ៉ាង ក៏បានបាញ់សាកល្បងមីស៊ីលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះដែរ។ ប៉ុន្តែ នៅពេលនោះ មិនបានបញ្ជាក់ថាមីស៊ីលនេះបាញ់ ចេញពីនាវាមុជទឹកនោះទេ៕