ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ នៅក្នុងខែមីនា

 (ម៉ានីល)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយនៅថ្ងៃចន្ទនេះថា ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ (2-plus-2) ដែលជាកិច្ចប្រជុំរវាងមន្រ្តីការទូត និងមន្រ្តីការពារជាតិកំពូលៗមកពីប្រទេសទាំង២ ក្នុងទីក្រុងម៉ានីល នៅខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូត លោក Jose Manuel Romualdez បានទទួលស្គាល់សេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei តាមទូរស័ព្ទ ដោយនិយាយថានឹងមានការរៀបចំ កិច្ចប្រជុំមួយ ហើយផែនការគឺកំពុងដំណើរការ។ Nikkei បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin ត្រូវបានគេរំពឹងថានឹងជួបជាមួយសមភាគីហ្វីលីពីន គឺលោក Enrique Manalo និងលោក Gilberto Teodoro នៅក្នុងខែមីនា ដែលជាកិច្ចពិភាក្សាលើកដំបូង ក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីមានកិច្ចប្រជុំកម្រិតនេះនៅឆ្នាំ២០១២។

គួរបញ្ជាក់ថា ភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ក្រសួងការបរទេសហ្វីលីពីន និងក្រសួងការបរទេសសហរដ្ឋអាមេរិកនោះទេ។ បើតាមអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល ពួកគេមិនមានអ្វីត្រូវប្រកាសនៅពេលនេះទេ៕