(ប៉េកាំង)៖ ឆ្មាំសមុទ្រចិន បាននិយាយថាខ្លួនបានផ្ដល់ការអនុគ្រោះជាពិសេសមួយ ដើម្បីអនុញ្ញាតឱ្យហ្វីលីពីនផ្ដល់ការផ្គត់ផ្គង់ដល់កងទ័ពដែលកំពុងឈរជើងនៅលើ ខ្មោចនាវាចម្បាំងមួយដែលត្រូវបានទុកចោល តាំងពីសម័យសង្រ្គាមលោកលើកទី២ ក្នុងតំបន់ថ្មប៉ប្រះទឹកកំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
ឆ្មាំសមុទ្រចិនបានបញ្ជាក់ថាខ្លួនបានអនុញ្ញាតសម្រាប់ការផ្គត់ផ្គង់ចាំបាច់ ប៉ុន្តែអះអាងថានឹងការពារដាច់ខាតនូវអធិបតេយ្យ និងសិទ្ធិសមុទ្ររួមទាំងផលប្រយោជន៍ របស់ចិន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Thomas Shoal។ ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគណនីបណ្ដាញសង្គម WeChat កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ឆ្មាំសមុទ្រចិនបានកត់សម្គាល់ដូច្នេះថា «កាលពីថ្ងៃទី២១ ខែមករា យន្ដហោះខ្នាតតូចមួយគ្រឿងរបស់ហ្វីលីពីន បានផ្ដល់ការផ្គត់ផ្គង់ដល់ខ្មោចនាវាចម្បាំងខុសច្បាប់ ហើយឆ្មាំសមុទ្រចិននឹងបន្តតាមដានស្ថានការណ៍ ក៏ដូចជាធ្វើសកម្មភាពអនុលោមតាមច្បាប់ និងផ្ដល់ការអនុគ្រោះជាពិសេសសម្រាប់ហ្វីលីពីន ផ្ដល់ការផ្គត់ផ្គង់ចាំបាច់ ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ឆ្មាំសមុទ្រចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលហ្វីលីពីនតែងតែដឹកនាំ បេសកកម្មផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់សម្រាប់ទាហានហ្វីលីពីនមួយក្រុមតូចកំពុងឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿងដែលទីក្រុងម៉ានីលបានចតទុក ចោលក្នុងតំបន់វិវាទនេះដើម្បីបញ្ជាក់ពីសិទ្ធិអធិបតេយ្យរបស់ខ្លួន៕