ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវ

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បាន និងកំពុងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ រយៈពេល២ថ្ងៃ នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំចង្អៀតនេះធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដោយពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេស អាស៊ានក៏ពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្ត្រនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏មានកម្មវិធីជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីថែមទៀត៕