(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះថាទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ និង៣៤នាក់ ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនមួយ លើកងកម្លាំងអាមេរិកឈរជើងនៅភាគឦសាននៃប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ២៩ ខែមករា ឆ្នាំ២០២៤។
ភ្លាមៗមិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារខាងលើនោះទេ ប៉ុន្តែលោក បៃដិន បានចោទប្រកាន់ត្រង់ៗថាក្រុមប្រដាប់អាវុធគាំទ្រ ដោយអ៉ីរ៉ង់គឺជាអ្នកបើកការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់ទាហានអាមេរិកដំបូងបំផុត គិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣មក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន ក៏បានគំរាមធ្វើការសងសឹកវិញផងដែរ ជាមួយការសង្កត់ធ្ងន់ដូច្នេះថា «ខណៈកំពុងប្រមូលព័ត៌មានបន្ថែម យើងដឹងថា ការវាយប្រហារនោះគឺប្រព្រឹត្តឡើងដោយក្រុមប្រដាប់អាវុធជ្រុលនិយមគំាទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់»៕