(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសគ្រាប់ប៉ុន្មានគ្រាប់ ឆ្ពោះទៅដែនសមុទ្រនៅភាគខាងលិចឆ្នេរប្រទេសរបស់ខ្លួន នាថ្ងៃពុធនេះ ដែលជាសញ្ញាថ្មីមួយទៀត បង្ហាញពីភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលទាំងនោះ ត្រូវបានបាញ់ចេញកាលពីវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់) ហើយសកម្មភាពនេះ កំពុងស្ថិតក្រោមការវិភាគរបស់ បណ្តាញចារកម្មកូរ៉េខាង ត្បូងនិងសហរដ្ឋអាមេរិក។ ការបាញ់មីស៉ីលគ្រូសរបស់កូរ៉េខាងជើងកើតមានឡើង ស្របពេលដែល អង្គភាពទ័ពពិសេសរបស់យោធាជើងទឹកកូរ៉េខាងត្បូង កំពុងចូលរួមការហ្វឹកហាត់ នៅតំបន់ឆ្នេរ ភាគខាងកើតក្នុងខេត្ត Gangwon ដែលជាប់ព្រំប្រទល់កូរ៉េខាងជើង សម្រាប់រយៈពេល១០ថ្ងៃ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសអំពី ការបាញ់តេស្តមីស៉ីល ល្បឿនលឿនជាងសំឡេង ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង និងមានរយៈចម្ងាយមធ្យម ខណៈ សកម្មភាពនោះ ត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន៕