(ហ្សឺណែវ)៖ រុស្ស៊ីបានទទូចនៅអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះថា ខ្លួនមិនបានជម្លៀសកុមារអ៊ុយក្រែនណាម្នាក់ទៅរុស្ស៊ីដោយបង្ខំឡើយ ចាប់តាំងពីការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយ ក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលវាផ្ទុយនឹងការអះអាងរបស់ក្រុងកៀវ និងអង្គការក្រៅរដ្ឋាភិ បាលមួយចំនួនអំពីការចោទប្រកាន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារ បានសួរទីក្រុងមូស្គូថាតើកុមារប៉ុន្មាន នាក់ត្រូវបាន «ជម្លៀស» ទៅប្រទេសរុស្ស៊ី ឬទៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់របស់អ៊ុយក្រែន ចាប់ តាំងពីការចាប់ផ្តើមនៃការលុកលុយ។ ទីក្រុងកៀវបានប៉ាន់ប្រមាណថា មានកុមារអ៊ុយក្រែនរហូត ដល់ ២០,០០០ នាក់ត្រូវបានជម្លៀសទៅប្រទេសរុស្ស៊ីដោយបង្ខំ។
លោក Alexei Vovchenko អនុរដ្ឋមន្ត្រីក្រសួងការងារ និងគាំពារសង្គមរបស់រុស្ស៊ី បានប្រាប់គណៈ កម្មាធិការអង្គការសហប្រជាជាតិ ដូច្នេះថា «ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីមិនបាន ចូលរួម ក្នុងការនិរទេសពលរដ្ឋអ៊ុយក្រែនទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីទេ»។
គណៈកម្មាធិការអ្នកជំនាញឯករាជ្យចំនួន ១៨រូប កំពុងពិនិត្យមើលកំណត់ត្រារបស់រុស្ស៊ី ដែលជា ផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំ ដែលប្រទេសទាំងអស់ត្រូវឆ្លងកាត់។
លោក Vovchenko ប្រធានគណៈប្រតិភូទីក្រុងមូស្គូបានប្រាប់សវនាការថា «អ្នកស្រុកជាង ៣ លាន នាក់របស់អ៊ុយក្រែនដែលខ្លះជាកុមារបានព្រមទទួលយកទៅរស់នៅក្នុងសហព័ន្ធរុស្ស៊ីដោយស្ម័គ្រចិត្ត»។ លោកបានបន្ថែមថា «កុមារភាគច្រើនមកជាមួយសមាជិកគ្រួសារ ឬអាណាព្យាបាល។ ពួកគេត្រូវបានដាក់នៅក្នុងជម្រកបណ្តោះអាសន្ន ឬជាមួយសាច់ញាតិរបស់ពួកគេ»។ ប៉ុន្តែលោកបានកត់សម្គាល់ថា លក្ខខណ្ឌរបស់ «កុមារជាង ៥០០នាក់ផ្សេងទៀត» កំពុងត្រូវបានពិនិត្យ និងផ្ទៀង ផ្ទាត់។ ទីក្រុងកៀវនិយាយថា រហូតមកទល់ពេលនេះមានកុមារប្រហែល ៤០០ នាក់ប៉ុណ្ណោះ ក្នុងចំណោមកុមារដែលត្រូវបានជម្លៀសដោយរុស្ស៊ី ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញ៕