ការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារតំបន់ Xinjiang របស់ចិន ជាប់ព្រំដែនប្រទេសកៀហ្ស៉ីស្ថាន


(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារលើតំបន់ Xinjiang របស់ចិន ដែលនៅជាប់នឹងព្រំដែននៃប្រទេសកាហ្ស៉ីស្ថាន នៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងផ្ទះជាច្រើនខ្នងដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលទទួលបន្ទុកគ្រោះ រញ្ជួយដីចិនបានឲ្យដឹងថា ការរញ្ជួយដីកើតឡើងនៅម៉ោង ២និង ៩នាទីរំលងអាធ្រាត (ម៉ោងក្នុងតំបន់) ហើយមានជម្រៅ ២២គីឡូម៉ែត្រ នៅសហគមន៍ជនជាតិភាគតិច Wushi ដែលស្ថិតនៅជាប់នឹងភ្នំ ក្នុងតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីសហគមន៍ Wushi ដែលមានភូមិចំនួន ៥នៅក្នុងរង្វង់ ២០គីឡូម៉ែត្រជុំវិញចំណុចកណ្តាលនៃការរញ្ជួយ។

នៅក្បែរប្រទេសកាហ្សាក់ស្ថានឯណោះវិញ ក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានរាយការណ៍ពីករណីរញ្ជួយដីថ្មីចុងក្រោយកម្រិត ៦.៧រ៉ិចទ័រ។ អ្នកស្រុកនៅទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន គឺអាល់ម៉ាទី បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយប្រមូលផ្តុំនៅខាងក្រៅទោះបីជាមានអាកាសធាតុត្រជាក់ក្តី។ ប៉ុន្តែគ្មាន សេចក្តីរាយការណ៍អំពីការ ខូចខាតនោះទេ ។ ក្រោយមកប្រហែល ៣០នាទីក៏មានការរញ្ជួយដីនៅប្រទេសអ៊ូសបេគីស្ថានផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តំបន់ Xinjiang បានរងនូវការវាយប្រហារដោយការរញ្ជួយដីក្នុងកម្រិតខុសៗគ្នា ប៉ុន្មានលើករួមមកហើយ៕