ក្រុមហាម៉ាសនិយាយថា ចំនួនមនុស្សស្លាប់នៅហ្គាហ្សាកើនលើស ២៥,០០០នាក់ ខណៈអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក


 (ហ្គាហ្សា)៖ ក្រសួងសុខាភិបាលហ្គាហ្សាបានឱ្យដឹងនៅថ្ងៃអាទិត្យ (ទី២១ មករា) នេះថា ចំនួនអ្នកស្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម បានកើនឡើងលើសពី ២៥,០០០ នាក់ ខណៈដែលអ៊ីស្រាអែលជំរុញការវាយលុករបស់ខ្លួននៅភាគខាងត្បូង និងការទម្លាក់គ្រាប់បែកជាថ្មីនៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងហ្គាហ្សា និងតំបន់ផ្សេងទៀតនៅភាគខាងជើងតំបន់ Gaza Strip នៅពេលព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២១ មករា។ ក្រុមហាម៉ាស់ក៏បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅភាគខាងជើងផងដែរ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសបាននិយាយថា «មនុស្សរាប់សិបនាក់នៅតែស្ថិតនៅក្រោមគំនរបាក់បែក» ដោយបន្ថែមថាអ្នកស្លាប់និងរបួស «មិនអាចបញ្ជូនទៅមន្ទីរពេទ្យបានទេ ដោយសារតែការបាញ់ផ្លោងកាំភ្លើងធំដែលកំពុងបន្តលើទីក្រុង Khan Yunis និងតំបន់ Tel al-Hawa ក្នុងទីក្រុងហ្គាហ្សា»។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកម្ចាត់ភេរវករមួយចំនួននៅទីក្រុងភាគខាងត្បូង Khan Yunis និងបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៥ នាក់នៅភាគខាងជើងទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ»៕