ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់៖ បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៥លានបណ្ណ បានប្រគល់ជូនពលរដ្ឋ, ២លានកំពុងចែកជូន ខណៈនៅសល់ ៥លានក្បាលដីទៀតកំពុងវាស់វែង


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៥លានបណ្ណជូនប្រជាពលរដ្ឋរួចរាល់ហើយ ខណៈនៅសល់ប្រមាណ២លានបណ្ណទៀត កំពុងតែចែកជូនប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។

ក្នុងកិច្ចប្រជុំអន្ដរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា នៅទូទាំងប្រទេសនៅសល់ប្រមាណ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីឲ្យបានចប់សព្វគ្រប់។

ជាមួយគ្នានេះ ក្រសួងទាំងពីរ បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឲ្យពន្លឿនការងារចុះបញ្ជីដីធ្លី បន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឲ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស៕