NATO ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយនិងវត្តមានកងទ័ព ៩០,០០០នាក់


 (ព្រុចសែល)៖ អង្គការណាតូ (NATO ) កំពុងរៀបចំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ដោយមាននូវការហាត់សមពីរបៀបដែលកងទ័ពអាមេរិក អាចការពារប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបដែលមានព្រំប្រទល់ជាប់រុស្ស៉ី និងនៅឯប៉ែកខាងកើត ក្នុងករណីមានជម្លោះណាមួយកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្ត លោក Chris Cavoli បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងទ័ពប្រហែល ៩០,០០០នាក់ត្រូវចូលរួមក្នុងសមយុទ្ធ Steadfast Defender 2024 ដែលនឹងដំណើរការរហូតដល់ខែឧសភា។ អង្គការណាតូ បានឲ្យដឹងថា នាវាជាង ៥០គ្រឿងរាប់ចាប់តាំងពីនាវាផ្ទុកយន្តហោះរហូតដល់នាវាចម្បាំង ក៏ដូចជាយន្តហោះចម្បាំងជាង ៨០គ្រឿង ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន យានប្រយុទ្ធយ៉ាងហោចណាស់ ១,១០០គ្រឿង ដែលរួមមានរថក្រោះ ១៣៣គ្រឿង និងយានប្រយុទ្ធថ្មើរជើងចំនួន ៥៣៣គ្រឿង។ Steadfast Defender 2024 នឹងបង្ហាញពីសមត្ថភាពរបស់ NATO ក្នុងការដាក់ពង្រាយកងកម្លាំងយ៉ាងឆាប់រហ័សចេញពីអាមេរិកខាងជើង និងផ្នែកផ្សេងទៀតនៃសម្ព័ន្ធមិត្តដើម្បីពង្រឹងការការពារអឺរ៉ុប៕