បណ្ឌិត កៅ គឹមហួន ទទួលសារតាំងពីអគ្គរាជទូតថ្មីរបស់ដាណឺម៉ាកប្រចាំអាស៊ាន, ចូលរួមពិសាអាហារពេល្ងាចជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងរៀបចំបាយថ្ងៃត្រង់ជូនអគ្គលេខាធិការរង២រូប ដែលត្រូវបញ្ចប់អាណត្តិ

(ហ្សាកាតា)៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ីលោក Sten Frimodt Nielsen អគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក និងបានផ្លាស់ប្តូរទស្សនៈស្វែងរកវិស័យកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីបង្កើនការចូលរួមរវាងអាស៊ាន និងដាណឺម៉ាកបន្ថែមទៀត រួមទាំង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។

នៅល្ងាចថ្ងៃសុក្រដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារពេលល្ងាច រៀបចំដោយលោក Lee Jang-Keun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន ដើម្បីជូនដំណើរលោក Will Nankervis ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ដែលនឹងបញ្ចប់អាណត្តិនាពេលខាងមុខ។

នៅរសៀលថ្ងៃសុក្រ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារថ្ងៃត្រង់ជូន អគ្គលេខាធិការរងអាស៊ានចំនួនពីររូប ដែលនឹងត្រូវបញ្ចប់អាណត្តិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

អគ្គលេខាធិការរងទាំងពីរ រួមមានលោក Michael Tene អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងឯកឧត្តម Tran Duc Binh អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង។ ពិធីនេះក៏មានការចូលរួមពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងតំណាងទីម័រខាងកើតប្រចាំអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានមួយចំនួនផងដែរ។

បណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណដល់អគ្គលេខាធិការរងទាំងពីរដែលបានបម្រើការងារនៅលេខាធិការដ្ឋានអាស៊ាន នាពេលកន្លងមក និងបានជូនពរពួកគាត់ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចនាពេលអនាគត៕