អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំបន្ទាន់ពីវិធានការរក្សាទឹកស្អាតសម្រាប់ទុកឱ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ នារដូវប្រាំង

(កោះកុង)៖ លោក​ស្រី អ៉ី នារី​នេត​ អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដោយពិភាក្សាពីវិធានការរក្សាទឹកស្អាត សម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងខាងមុខ។

កិច្ចប្រជុំនេះដោយមានការចូលរួមពីអាជ្ញាធរ ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោកស្រី អ៉ី នារីនេត បានថ្លែងថា ដោយ​សារ​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ​កំពុង​ទទួល​រង​នូវ​ឥទ្ធិពលបាតុភូតអែលនីណូ​ ដែល​បានបណ្តាលឱ្យអាកាសធាតុមានភាពក្តៅខ្លាំងក៏ដូចជា បង្កឱ្យមានតំបន់មួយចំនួនប្រឈម នឹងការខ្វះទឹកស្អាតប្រើប្រាស់ ដូច​នេះ​សូម​រដ្ឋបាលក្រុងស្រុកឃុំសង្កាត់​ និង​មន្ទីរ អង្គភាព ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​ទឹក​នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជា​បញ្ហាប្រឈម ​ឬក៏តំបន់ដែលខ្វះទឹកស្អាតប្រើប្រាស់។

លោកស្រីអភិបាលរង បានបន្ថែមថា មន្រ្តីរដ្ឋបាលក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ និង​មន្ទីរ​ជំនាញ ត្រូវធ្វើសេចក្តីរាយការណ៍ជូនមក​រដ្ឋបាលខេត្ត​ ហើយរដ្ឋបាលក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ត្រូវចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋាន របស់ខ្លូនឱ្យបានច្បាស់លាស់ អំពីតំបន់ដែលប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់ ជាពិសេស​មន្ទីរ​ជំនាញ​ ត្រូវ​ចូលរួម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ពីព្រោះការកង្វះទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល គឺបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរមួយហើយធ្វើមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

បន្ថែមពីនេះលោកស្រី បានណែនាំដល់អាជ្ញាធរគ្រប់មូលដ្ឋានត្រូវចុះពិនិត្យឱ្យញឹកញាប់ហើយត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន ដើម្បីងាយស្រួលនៅពេលប្រជាពលរដ្ឋតំបន់ខ្វះទឹកស្អាតប្រើប្រាស់៕