ក្រសួងសេដ្ឋកិច្ច និងធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ ស្ដីពី កិច្ចសហការក្នុងក្របខ័ណ្ឌ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

 (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយ ឯកឧត្តម បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក តំណាងដោយ លោក ហាន ប៉េង ក្វាង អគ្គនាយកធនាគារ វីង (ខេមបូឌា) ម.ក និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានចុះ ហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ស្ដីពី «កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា»។

ពិធីនេះ បានរៀបចំឡើង ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធនាគារ វីង និងតំណាងវិស័យឯកជនមកពីគ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នពាក់ព័ន្ធនានា។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជី-ថលរបស់កម្ពុជា និងលើកទឹក ចិត្ត ឲ្យមានការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហ បង្កើតថ្មី (Co-Creation) សំដៅជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើបច្ចេកវិទ្យា និង នវានុវត្តន៍។

ទន្ទឹមនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការសាទរ និងឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋា ភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

អ្នកឧកញ៉ា បានថ្លែងថា «កិច្ចសហការរវាងធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការ លើកកម្ពស់ សេដ្ឋកិច្ច និងការរស់នៅ ឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការជំរុញសេដ្ឋកិច្ចឌីជីថល គឺមិនត្រឹមតែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ ជាការឈានទៅរកចក្ខុវិស័យរួមគ្នាដើម្បីផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឲ្យជីវិតប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល»

នាពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង ក៏ជាដៃគូសហការយ៉ាងស្អិតរមួត ក្នុងសកម្មភាពជាច្រើន ជាពិសេសក្នុងវិស័យធុរកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោង នានា ដូចជា ការទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្ត កិច្ចសន្យាក្នុងលទ្ធកម្មសាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល បច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ និងដំណោះ ស្រាយបើកប្រាក់បៀវត្សរ៍ ជាដើម ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គម ឌីជីថលនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង នាពេលនេះ គឺជាការបើក ទំព័រថ្មីមួយទៀត ដែលនឹងអនុញ្ញាតឲ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែ ប្រសើរតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលដែល ជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច ឌីជីថល និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការគាំទ្រលើ សកម្មភាព និងកម្មវិធីផ្សេងៗទៀតទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ៕