យោធាចិន ប្រាប់យោធាអាមេរិក ថាប៉េកាំងនឹងមិនដកថយដាច់ខាត លើបញ្ហាតៃវ៉ាន់​


(ប៉េកាំង)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមមន្ត្រីយោធាចិនប្រាប់សមភាគីអាមេរិក នៅក្នុងកិច្ចពិភាក្សាក្នុងសប្ដាហ៍ នេះថាទីក្រុងប៉េកាំងនឹងមិនធ្វើការសម្រុះសម្រួលជាដាច់ខាតលើបញ្ហា តៃវ៉ាន់ និងបានជំរុញឱ្យទីក្រុង វ៉ាស៊ីនតោនបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ក៏ដូចជាឈប់បង្ករឿងនៅក្នុងតំបន់សមុទ្រចិនខាង ត្បូង។

កិច្ចពិភាក្សាខាងលើរៀបចំឡើងក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្ដាហ៍នេះ និងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុននឹងកោះតៃវ៉ាន់ត្រូវរៀបចំ ការបោះឆ្នោតសកលជ្រើសរើសមេដឹក នាំថ្មីរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិចិនបាន ឱ្យដឹងថាភាគីចិន បានសង្កត់ធ្ងន់ថាខ្លួននឹងមិនធ្វើការសម្រុះសម្រួល ឬដកថយជាដាច់ខាតចំពោះ បញ្ហាតៃវ៉ាន់ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់។

បន្ថែមពីលើនេះចិនក៏បានជំរុញផងដែរឱ្យទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការដាក់ពង្រាយយោធារបស់ខ្លួន និងបញ្ឈប់ការធ្វើសកម្មភាពបង្ករឿងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ព្រមទាំងបញ្ឈប់ការ គាំទ្រដល់ការរំលោភបំពាន និងទង្វើបង្ករឿង។ «សហរដ្ឋអាមេរិកគួរតែយល់ឱ្យច្បាស់ពីប្រភពដើមនៃបញ្ហាអសន្តិសុខ ទាំងដែនអាកាស និងសមុទ្រ ហើយបន្ថយការដាក់ពង្រាយយោធា ក៏ដូចជាបញ្ឈប់ការបំប៉ោង និងនិយាយបំផ្លើស»។ នេះបើតាមក្រសួងការពារជាតិចិន។

យ៉ាងណាក៏ដោយភាគីអាមេរិកតាមរយៈមន្ទីរបញ្ចកោណមិនបានបញ្ចេញប្រតិកម្មតបតអ្វីគួរឱ្យកត់សម្គាល់ចំពោះការលើកឡើងរបស់ក្រសួងការពារជាតិចិន នោះទេ ដោយគ្រាន់តែលើកឡើងពីសារៈ សំខាន់នៃការរក្សាបណ្ដាញទំនាក់ទំនងយោធា និងយោធា ក្នុងគោលបំណងបញ្ចៀសកុំឱ្យការប្រកួត ប្រជែងរវាង មហាអំណាចទាំង២ ក្លាយទៅជាសង្រ្គាម ឬជម្លោះប្រដាប់អាវុធ៕