(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤នេះ
បានប្រើពេលប្រមាណ៣ម៉ោង ដើម្បីពន្យល់លម្អិតអំពីយុទ្ធនាការចំនួនពីរ ដែលក្រសួង យុត្តិធម៌បានដាក់ចេញ
ស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកទី១
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។
យុទ្ធនាការចំនួនពីរ ដែល ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញតាមរយៈសន្និសីទសារ ព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
យុទ្ធនាការទាំង២នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុង ការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» ដែលកិច្ចការនេះត្រូវ បានចាត់ទុកជា អាទិភាពនយោបាយដ៏សំខាន់មួយដែលត្រូវអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
ឯកឧត្តម បានអះអាងថា យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ក្នុងនោះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ
បានធ្វើការពន្យល់ទៅតាមយុទ្ធនាការនីមួយៗ ដូចខាងក្រោម៖
* យុទ្ធនាការជំរុញ
និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ៖ យុទ្ធនាការនេះ មានវិសាល ភាពគ្របដណ្តប់ទៅលើរឿងក្ដីគ្រប់ប្រភេទទាំងអស់
ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្ដីព្រហ្មទណ្ឌ ទាំងរឿងក្ដីពាណិជ្ជកម្ម
និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អម សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។
ផ្អែកតាមការវាយតម្លៃលើចំនួនសំណុំរឿងនៅសល់ កំពុងចាត់ការនៅទូទាំងប្រទេស និងផ្អែកលើបទ ពិសោធន៍ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្ម ទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត នាពេលកន្លងមក, ក្រសួងយុត្តិធម៌ បានវាយតម្លថា ការ អនុវត្តយុទ្ធនាការទី១ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើក យុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ ត្រូវអនុវត្តដោយ ផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវ អភិក្រម «លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់» ដោយត្រូវជៀសវាងឲ្យបានជាដាច់ខាត នូវស្ថានភាព «ត្រីងៀត ឆ្លៀតពង» តាមរយៈការប្រើប្រាស់យុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោ ជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយណាមួយ។
* យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៖ យុទ្ធនាការនេះ គឺធ្វើ ឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ៖ ទី១៖ ដើម្បីជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពល រដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម និងទី២៖ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ ការរឿងក្តីដោយតុលាការ ប៉ុន្តែការកំណត់ថា «យុត្តិធម៌ ឬអយុត្តិធម៌» គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាម ទារឲ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់។
យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្ដោតលើបញ្ហា សំខាន់ចំនួន២ គឺ៖ ទី១៖ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ច នៅតាម សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទី២៖ ពិនិត្យ និងដោះស្រាយភាព មិនប្រក្រតីលើចំណាត់ការ សំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿង គ្រប់ប្រភេទ។ យុទ្ធនាការនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
បើតាមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, អភិក្រមក្នុងការដឹកនាំយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវា យុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំ យុទ្ធនាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រម ចំនួន២គឺ៖ ទី១៖ អភិក្រមដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់ និងទី២៖ អភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ ការពង្រឹងអភិបាលកិច្ច។
* អភិក្រម៤ចំណុចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលថ្លែងថា «គ្មានការកែទម្រង់ណា មួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ចំនួន៤គឺ ១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ២៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ៣៖ ត្រូវមានការចូលរួមដោយ ស្មោះត្រង់ និង៤៖ ត្រូវមានការលះបង់»។
* អភិក្រម៥ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការលះបង់ និងការវះកាត់ គឺធ្វើឡើងតាមរយៈការអនុវត្ត វិធានការវិន័យ តឹងរឹង និងការអនុវត្តវិធានការ ច្បាប់ម៉ឺងម៉ាត់ ចំពោះចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ ព្រមទាំងតួអង្គពាក់ព័ន្ធ ទាំងអស់។ ក្នុងករណីបុគ្គលដែលបានប្រព្រឹត្តខុសច្បាប់ ឬដែលបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប «ត្រីងៀតឆ្លៀតពង» នឹងត្រូវកត់ត្រាទុកជាកំហុស ដែលត្រូវឆ្លើយតប យ៉ាងម៉ឺងម៉ាត់ជាមួយនឹងការ ទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកផ្លូវច្បាប់ ជាពិសេស អភិក្រមទី៥ «វះកាត់» របស់សម្ដេច តេជោ ហ៊ុន សែន និងអភិក្រមទី៤ «លះបង់» របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានអះអាងថា យុទ្ធនាការត្រួត ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្រសួងយុត្តិធម៌ នឹងមិនជ្រៀតជ្រែកចូលកិច្ច ការរបស់ស្ថាប័នតុលាការនោះឡើយ ពោលស្ថាប័នតុលាការ គឺជាស្ថាប័នឯករាជ្យ៕