លោក ដូណាល់ ត្រាំ ប្ដឹងទៅកាន់តុលាការកំពូលអាមេរិក ឱ្យលុបចោលសាលក្រមរបស់តុលាការ កំពូលរដ្ឋ Colorado


(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ អោយដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ សប្ដាហ៍នេះបានស្នើឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ បន្ទាប់ពី តុលាការ កំពូលប្រចាំរដ្ឋ Colorado បានចេញសាលក្រមសម្រេចហាមរូបលោកមិនឱ្យឈរឈ្មោះក្នុងការបោះ ឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើស បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋមួយនេះ។

លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេនៅក្នុងចំណោមបេក្ខជនប្រធានាធិបតីដទៃមកពីគណ បក្សសាធារណរដ្ឋ កំពុងប្ដឹងជំទាស់នឹងសាលក្រមរបស់ តុលាការកំពូល Colorado កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ ដែលសម្រេចថាលោកមិនស័ក្តិសមកាន់តំណែងនៅសេតវិមាន និងបានហាមរូប លោកមិនឱ្យ ឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Colorado នៅឆ្នាំ២០២៤នេះ ដោយសំអាងលើច្បាប់រដ្ឋធម្មនុញ្ញអាមេរិកដែលចែង ពីការហាមឃាត់អ្នកដែល បានចូលរួមក្នុងសកម្មភាពឧទ្ទាម ឬបះបោរមិនឱ្យកាន់តំណែងនៅសេតវិមាន ឬក៏ឈរឈ្មោះបោះ ឆ្នោត។

នៅក្នុងពេលចេញសាលក្រមនោះដែរ តុលាការកំពូល Colorado បានព្យួរកាលចូលជាធរមាន នៃការសម្រេចចិត្តនេះ រហូតដល់ថ្ងៃទី៤ ខែមករា ហើយបាន កត់សម្គាល់ថាលោក ត្រាំ នឹងនៅតែ អាចឈរឈ្មោះក្នុងការបោះឆ្នោតបឋម ប្រសិនបើលោកបឹ្តងជំទាស់។ នៅក្នុងពាក្យបណ្ដឹងមួយ ក្រុមមេធាវីរបស់លោក ត្រាំ បានស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលសាលក្រមសម្រេចរបស់តុលាការកំពូល Colorado ដោយសំអាងថាការសម្រេចពីសិទ្ធិស្របច្បាប់ ឬមិនស្របច្បាប់ ក្នុងការឈរឈ្មោះជាបេក្ខជន ប្រធានាធិបតី គឺជាភារកិច្ចរបស់សភាទាំង២ របស់សហរដ្ឋអាមេរិក៕