សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបានឡើយ បើគ្មានប្រតិបត្តិករ ដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមាន ឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានលើកឡើងថា នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិតណាស់សម្ដេចតេជោ ហ៊ុន សែន ជាស្ថានិក មគ្គុទេសក៍ឯក ក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយ វ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសក៍ឯកម្នាក់ឯង មិនអាចធ្វើបាននោះឡើយ បើសិនគ្មាន ការចូលរួមពីប្រតិបត្តិការ ដើម្បីធានដល់និរន្ដរ៍ភាពនៃនយោបាយបញ្ចប់សង្គ្រាមមួយនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតណាស់ សម្ដេចតេជោ ជាស្ថាបនិកមគ្គុទេសក៍ឯកក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិ បត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសឯកម្នាក់ឯងមិនអាចធ្វើបាននោះទេ បើគ្មាន ប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ ប្រតិបត្តិករស្នួល ថ្នាក់ដឹកនាំ ដែលមានវត្តមានជាច្រើននៅ លើវេទិកានេះ ហើយចូលរួមនៅទីនេះ គឺជាតួអង្គសំខាន់ ក្នុងការចូលរួមដ៏ស្មោះត្រង់ បើសិនជាគ្មានការ ចូលរួមដ៏ស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្ដរភាពបានទេ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, សង្គ្រាមងាយនឹងកើតមានឡើងណាស់ ដោយ មិនចាំបាច់មនុស្សច្រើនរាប់ពាន់ ឬរាប់ម៉ឺននាក់នោះទេ ពោលមានតែមួយក្រុមបង្កើតជាតំបន់ផ្ដាច់ខ្លួន ច្បាស់ណាស់សង្គ្រាមនឹង កើតឡើងភ្លាម ប៉ុន្ដែផ្ទុយទៅវិញ ការពន្លត់ភ្លើងសង្គ្រាម គឺត្រូវតែមានការ ចូលរួមពីគ្រប់ភាគីទាំងអស់តាំងពីមេបញ្ជាការ រហូតដល់កូនទាហាន។

ដោយឡែក សម្រាប់ផលដែលទទួលបានពីការបិទបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ គឺទទួលបានទាំងអស់គ្នា ទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្ត អ្នកដែលមិនជឿទៅលើនយោ បាយឈ្នះឈ្នះ និងសង្ស័យ ប៉ុន្ដែអ្នកទាំងនោះកំពុងតែបានផលពីសន្ដិភាព និងការរីកចម្រើនដោយ នយោបាយឈ្នះឈ្នះ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការសាងសង់វិមានឈ្នះឈ្នះ ធ្វើឡើង ដើម្បីជានិមិត្តរូបសម្រាប់ខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្ដិភាព ព្រោះខ្មែរគ្រប់រូបគឺប្រាថ្នាសុខ សន្ដិភាព គ្មានអ្នកណាម្នាក់ ដែលមិនចង់បានសន្ដិភាពនោះទេ។ ការសាងសង់នេះ ក៏ជាការអបអរ សាទរនូវសមិទ្ធផលដែលខ្មែរគ្រប់រូបរួមគ្នាសម្រេចបានរួមគ្នា ក៏ដូចជាការរំលឹកអំពីប្រវត្តិសាស្ដ្រ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំ អំពីតម្លៃនៃសន្ដិភាព។

គួរជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជា​ស្ថាប​​និក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ព្រមទាំងការចូលរួ​ម​យ៉ាង​សកម្ម ពីប្រតិបត្តិករក្នុង ស្មារតីអនុវត្តប្រកប ដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមាន សុខសន្តិភាព និងការ​ឯក​ភាព​ជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​៥០០ឆ្នាំកន្លងមក​ហើយ​៕