ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ថាអ៉ីស្រាអែល វាយប្រហារលើ មូលដ្ឋានការពារដែនអាកាសដ៏សំខាន់មួយ របស់ស៊ីរី

 (អាម៉ាន់)៖  តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថាអ៉ីស្រាអែលបានដឹកនាំ ការវាយប្រហារ តាមផ្លូវអាកាសលើមូលដ្ឋានការពារដែនអាកាស ដ៏សំខាន់មួយស្ថិតនៅភាគខាង ត្បូងនៃប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងការវាយប្រហារចុងក្រោយបំផុតមួយ ចាប់តាំងពីសង្រ្គាម ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។

ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាស៊ីរី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដំបូង ឡើយបានឱ្យដឹងថាមីស៊ីលជាច្រើនគ្រាប់ត្រូវបាន បាញ់ចេញពីតំបន់ Golan Heights គ្រប់គ្រង ដោយអ៉ីស្រាអែល តម្រង់ឆ្ពោះទៅកាន់ទីតាំងជាច្រើន។ តែមិនបានបញ្ជាក់ពីអត្តសញ្ញាណគោលដៅនៃ ការវាយប្រហារទាំងនោះឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបាន ជឿជាក់ថាមានគោលដៅលើមូលដ្ឋានការពារដែនអាកាសមួយរបស់ស៊ីរី និងស្ថានីយ រ៉ាដាមួយ ក្នុងតំបន់ Tel al-Sahn នៃខេត្ត Sweida ស្ថិតនៅ ភាគខាងត្បូងប្រទេសស៊ីរី។ ភ្លាមៗ មិនមានការបញ្ជាក់លម្អិតពីការខូចខាត ឬក៏ជនរងគ្រោះណាម្នាក់នោះទេ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ប្រព័ន្ធការពារដែនអាកាសក្នុងតំបន់ el Qulaib និង Tel Maseeh នៃភាគខាងត្បូងប្រទេសស៊ីរី ក៏បានរងការវាយប្រហារជាច្រើនដែលទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ស៊ីរី អះអាងថាជាស្នាដៃរបស់អ៉ីស្រាអែលផងដែរ៕