(ភ្នំពេញ)៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ ប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរ បាលជាតិវិញ។ នេះបើតាមប្រកាសដែលទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
គួរជម្រាបថា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នេះ ក៏ត្រូវបានដកហូតមុខតំណែងដូចគ្នាផងដែរ។ ខណៈកន្លងទៅថ្មីៗនេះ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានដកតំណែង ដែរ ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារ ហើយលោកក៏ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅឲ្យចូលទៅបំភ្លឺផងដែរ។
ដោយឡែក លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏ត្រូវបានដកហូតតំណែងពីប្រធានលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួង មហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ ផងដែរ៕