រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ព្រលយឱ្យដឹងអំពីសកម្មភាពសងសឹកដែលបានធ្វើឡើងនៅអ៊ីរ៉ាក់ អ៊ីរ៉ង់ និងយេម៉ែន

(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant បានព្រលយឱ្យដឹងនៅថ្ងៃអង្គារ (២៦ ធ្នូ) ថា អ៊ីស្រាអែលបានបើកប្រតិបត្តិការសងសឹកនៅក្នុងប្រទេសអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ ចំពោះការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងខ្លួនចេញពីទីនោះ ខណៈដែលសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ពង្រីកដល់តំបន់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

លោកបានប្រាប់សមាជិកសភាអ៊ីស្រាអែលថា «យើងកំពុងស្ថិតក្នុងសង្រ្គាមច្រើនទិស ដោយកំពុងស្ថិតក្រោមការវាយប្រហារពីរណសិរ្សចំនួនប្រាំពីរគឺ ហ្គាហ្សា, លីបង់, ស៊ីរី, Judea និង Samaria (តំបន់ West Bank ) អ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់។ យើងបានចាត់វិធានការសងសឹងវិញចំពោះចំនួន៦ ក្នុងចំណោមរណសិរ្សទាំងនោះ»

ទោះជាយ៉ាងណា សកម្មភាពបែបនេះមិនត្រូវបានគេរាយការណ៍ទេ នៅក្នុងប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាម Houthis បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនទៅកាន់ប្រទេសអ៊ីស្រាអែល ក៏ដូចជាបានវាយប្រហារលើនាវានៅសមុទ្រក្រហម។ ហើយនៅប្រទេសអ៊ីរ៉ាក់ដែលជាកន្លែងកងជីវពលគាំទ្រអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅទីក្រុងឆ្នេរសមុទ្រ Eilat ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន ក៏មិនបានរាយការណ៍ពីសកម្មភាពបែបនេះដែរ៕