(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ ជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងបរិស្ថាន។
ជារបៀបរបបដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នរបស់រដ្ឋ រៀងរាល់ឆ្នាំតែងធ្វើសន្និ បាត និងបើកកិច្ចប្រជុំរួមគ្នានៅចុងឆ្នាំ ដើម្បីពិនិត្យលើលទ្ធផលការងារដែលខ្លួនបានធ្វើពេញមួយ ឆ្នាំចាស់ និងដាក់ចេញនូវផែនការសកម្មភាពដែលត្រូវធ្វើសម្រាប់ឆ្នាំថ្មីជាបន្តទៀត។
ក្រសួងបរិស្ថានបានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និង២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ សន្និបាតរយៈពេលពីរថ្ងៃនេះ មានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្នុងក្រសួង ក៏ដូចជាមន្ត្រីរាជការមកពីមន្ទីរបរិស្ថាននៅទូទាំងប្រទេសផងដែរ។
សន្និបាតនេះ គឺជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្រសួងបរិស្ថាន ដែលបានរៀបចំឡើងសម្រាប់ពិនិត្យ វាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបានក្នុងអំឡុងពេល១ឆ្នាំកន្លងមកនេះ និងរៀបចំឱ្យមាន ការពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនទាន និងចែករំលែកមេរៀន បទពិសោធន៍ គំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមលើវិស័យបរិស្ថាន និងរៀបចំផែនទីការងារ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា សំដៅលើកកម្ពស់ការចូលរួមអនុវត្តយុទ្ធ សាស្ត្រចក្រវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជា ចលករជំរុញការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានកាន់តែប្រសើរឡើង។
ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះ បានលើកបង្ហាញលទ្ធផលការងារជាច្រើន ដែលមន្ត្រីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានរួមគ្នាសម្រេចបាននៅក្នុងឆ្នាំ២០២៣ មានដូចជា៖ ការកសាងរដ្ឋបាលទំនើបតាមបែបឌីជីថល, ការអភិវឌ្ឍដោយចីរភាព, ការងារគាំពារបរិស្ថាន, ការងារការពារ និងអភិរក្សធនធានធម្មជាតិ, ការងារអភិវឌ្ឍសហគមន៍មូលដ្ឋាន, ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន, ការងារវិស័យបរិស្ថានសង្គម និងកិច្ចសហប្រតិបត្តិការ និងកិច្ច ការបរទេស។
ក្រៅតែពីលើបង្ហាញលទ្ធផលការងារហើយនោះ ក្នុងសន្និបាតក៏បានបង្ហាញបញ្ហាប្រឈម និងលើកសំណូមពរនានា ដើម្បីជាការអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងសន្និបាតនេះ ក្រសួងក៏បានគូសរំលេចពីលទ្ធផល និងសមិទ្ធផលការងារដែលសម្រេចបានក្នុង រយៈពេលជាង១០០ថ្ងៃ របស់ក្រសួងបរិស្ថាន ក្រោយបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មីផងដែរ។
ក្នុងរយៈពេលជាង១០០ថ្ងៃ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាន និង កំពុងខិតខំយ៉ាងសស្រាក់សស្រាំ សហការគ្នាយ៉ាងពេញទំហឹង និងបានសម្រេចនូវសមិទ្ធផល សំខាន់ៗដូចខាងក្រោម៖
ទី១៖ ក្រសួងបានផ្តួចផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ ជាមួយ នឹងសារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើង វិញនូវ ជម្រើស និងទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយ សំណល់ ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យ ទូទាំង ប្រទេស និងបន្តកៀរគរការចូលរួមពីស្ថាប័នអន្តរជាតិ និងបញ្ហាប្រទេសក្នុងតំបន់ ដើម្បីសហ ការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបចំនួន ៣,៤៧៦,៩០២នាក់។ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១២២,៧៦២នាក់ សិស្សានុសិស្សសរុបចំនួន ៣,១០១,៦០២នាក់ កម្មករកម្មការនី សរុបចំនួន ១៩០,៥៥៦នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤,២៧៧នាក់។ ផ្សព្វផ្សាយសរុបបានចំនួន ១០,៧៤៥លើក ក្នុងសាលារៀនសរុបចំនួន ៧,៥៣២សាលា រោងចក្រ ចំនួន២៧២ វត្តអារាមចំនួន៣៤ និងសហគមន៍ទីប្រជុំជនចំនួន ៧៧កន្លែងនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។
ទី២៖ ក្រសួងក៏បានផ្តួចផ្ដើមយុទ្ធនាការ «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេស។ ក្រសួងបានលើកទឹកចិត្តឱ្យសាធារណជនចូលរួមដាំដើមឈើ ដោយក្រសួងបរិស្ថានបានរៀបចំ ថ្នាលបណ្តុះកូនឈើ ព្រមទាំងប្រកាសចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមាន បំណងចង់ចូលរួមដាំដើមឈើ។
ទី៣៖ ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជំរុញការ អនុវត្តច្បាប់ ១០០ភាគរយ។
ទី៤៖ ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ដោយមានមុំចំនួនបីរួមមាន «ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងការពង្រីកការផ្សព្វផ្សាយ» សំដៅឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្រប ព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និង សម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។
ទី៥៖ ក្រសួងបានបន្តគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញ ទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូចជាលើកទឹកចិត្ត ឱ្យ សហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈានទៅក្លាយជាសហគមន៍ អព្យាក្រឹតកាបូន។
ទី៦៖ ក្រសួងបានធ្វើការកែសម្រួលការគ្រប់គ្រងឯកសារឱ្យមានរបៀបរៀបរយ និងមានភាព ប្រសើរ ជាងមុនតាមបទដ្ឋានរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងលិខិត។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំប្រព័ន្ធអ៊ីម៉ែលដល់មន្ត្រីក្រសួងបរិស្ថានគ្រប់រូបដើម្បីប្រើប្រាស់ផ្លូវការ ក្នុងទំនាក់ ទំនង ជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូ ហើយអាចប្រើប្រាស់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង បរិស្ថានកិច្ច របស់ក្រសួងបរិស្ថាន ដើម្បីរៀបចំកាលវិភាគ ទទួលបានឯកសារព័ត៌មាន និងរាយ ការណ៍ ព្រមទាំង របាយការណ៍ ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល។
ទី៧៖ ក្រសួងបានរៀបចំប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿនលឿនជាងមុន សុវត្ថិភាព និង អាច គ្របដណ្តប់ការប្រើប្រាស់ទូទាំងអគាររដ្ឋបាលក្រសួង ដែលនេះជាជំហានមួយដ៏ចាំបាច់ក្នុងការធ្វើ ទំនើបកម្មស្ថាប័ន និង ឆ្លើយតបនឹងការវិវត្តនៃឧស្សាហកម្មបច្ចេកវិទ្យា៤.០។
ទី៨៖ ក្រសួងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានជាលក្ខណៈទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយបញ្ហាសកល និងទទួលបានការគាំទ្រ និងសហការបន្ថែមក្នុងការពង្រីកវិសាល ភាព យុទ្ធនាការ និងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការពង្រីក គម្របព្រៃឈើ និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន៕