មេដឹកនាំក្រុមហ៊ូទី ព្រមានវាយប្រហារលើ​នាវាចម្បាំងអាមេរិក បើវ៉ាស៊ីនតោនវាយប្រហារលើមូល ដ្ឋានរបស់ខ្លួន នៅយេម៉ែន


(ឌូបៃ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អោយដឹងថា មេដឹកនាំក្រុម ហ៊ូទី កាលពីថ្ងៃពុធ ទី២០ ខែធ្នូនេះបានព្រមានថានឹងបើកការវាយប្រហារលើនាវាចម្បាំងអាមេរិក ប្រសិនបើមូលដ្ឋានរបស់ ពួកគេក្នុងប្រទេសយេម៉ែន រងការវាយប្រហារដោយសហរដ្ឋអាមេរិក ដែលទើបតែបានបង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីទប់ទល់នឹងការវាយប្រហារ របស់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសយេម៉ែន។ ក្រុមមួយនេះបានបើកការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូន លើកប៉ាល់ដឹកទំនិញធ្វើ ដំណើរឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាមក ហើយថាការវាយប្រហារនេះគឺជាការឆ្លើយ តបទៅនឹង ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា។

ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូទី សហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះមួយមាន១០ ប្រទេសចូលរួម ដើម្បីល្បាត និងការពារសន្ដិសុខ ក្នុងតំបន់សមុទ្រក្រហម ក៏ដូចជាកំញើញ និងទប់ ស្កាត់ការវាយប្រហារជាថ្មីរបស់ក្រុមហ៊ូទី ដែលបាននិងកំពុងបង្ខំឱ្យកប៉ាល់ដឹកទំនិញធំៗធ្វើដំណើរ តាម ផ្លូវវៀងនៅជុំវិញតំបន់អាហ្វ្រិកជំនួសវិញ។ ដោយឡែក នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ មេដឹកនាំក្រុមហ៊ូទី លោក អាប់ដែល ម៉ាឡិក អាល់ហ៊ូទី (Abdel-Malek al-Houthi) បានព្រមានដូច្នេះថា «យើងនឹងមិនឈរនៅស្ងៀមឡើយ ប្រសិនបើ អាមេរិកព្យាយាមបង្កើន ភាពតានតឹងនៅពេលអនាគត ឬហ៊ានវាយប្រហារលើប្រទេសរបស់យើង ឬក៏ប្រកាសធ្វើសង្រ្គាមជាមួយពួកយើង…យើងនឹងវាយប្រហារលើនាវាចម្បាំង អាមេរិកដោយមីស៊ីល និងយន្ដហោះដ្រូនរបស់យើង»។

សូមបញ្ជាក់ថា ការព្រមានរបស់ក្រុមហ៊ូទី កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្ត កំពុងពិចារណាលើជម្រើស បើកការវាយប្រហារលើមូលដ្ឋានរបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន បើក្រុមនេះនៅតែបន្តធ្វើសកម្មភាពគំរាមកំហែងក្នុងតំបន់សមុទ្រក្រហម៕