(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវីរភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ។
លោកបានបញ្ជាក់ថា រាល់ពេលដែលបំពេញទស្សនកិច្ចម្តង២ សម្តេចបានខិតខំជាខ្លាំង ដោយមិនមានពេលឈប់សម្រាកដើម្បីតែបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
ការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន។
លោកបានបញ្ជាក់ដូច្នេះថា៖ «ពេលបំពេញទស្សនកិច្ចម្តងៗ តាំងពីថ្នាក់ដឹកនាំកំពូលសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រដ្ឋមន្រ្តីរហូតដល់មន្ត្រីថ្នាក់ក្រោម រវល់អត់មានពេលគេងទេ»។
លោកបន្តថា ការមិនសម្រាកនេះ ដោយសារសម្តេចត្រូវមើលកម្មវិធីប្រជុំ និងការជួបចរចាផ្សេងៗ ដែលការលះបង់នេះ ដើម្បីបុព្វហេតុមួយធំណាស់ បុព្វហេតុបម្រើជាតិ គឺទាញប្រយោជនពីទំនាក់ទំនងអតន្តរជាតិ ទាញប្រយោជន៍ពីទំនាក់ទំនងតំបន់ ទំនាក់ទំនងរវាងប្រទេស និងប្រតេស ប្រយោជន៍សេដ្ឋកិច្ច យកមកជូនប្រជាពលរដ្ឋ មកចិញ្ចឹមក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដើម្បីឱ្យប្រទេសជាតិរុងរឿងទៅមុខ និងតាមទាន់ប្រទេសជិតខាងលើគ្រប់វិស័យ៕