សមាគមហិរញ្ញវត្ថុពីរប្រតិកម្មចំពោះអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងបំណុល

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជា បានប្រតិកម្មឆ្លើយតបនឹងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដែលស្នើអោយធនាគារផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនកូនបំណុលវិញ ដើម្បីយកទៅដោះស្រាយជីវភាព ។ ការស្នើនេះ ត្រូវបានចេញផ្សាយនៅគេហទំព័រអង្គការលីកាដូប្រចាំកម្ពុជានៅថ្ងៃទី២៧ មេសា ២០២០នេះ ។

នៅក្នុងគេហទំព័រនោះអង្គការលីដូបានដាក់ចំណងជើងនៃសេចក្តីថ្លែងការណ៍ថា បំណុលមីក្រូហិរញ្ញវត្ថុគួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ។

នៅក្នុងគេហទំព័រនោះ ក៏បានរៀបរាប់ពីផលប៉ះពាល់ជាច្រើន ពីជំងឺកូវីដ ១៩ ទៅលើវិស័យកាត់ទេសចរណ៍ វិស័យកាត់ដេរ និងសំណង់ ហើយក៏បានធ្វើអោយពលរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនផងដែរ ជាពិសេសគឺអ្នកដែលជាប់បំណូលធនាគារនិងមីក្រូហិរញ្ញវត្ថុ ។

សេចក្តីថ្លៃការណ៍ក៏បានស្នើដល់រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់អាទិភាពដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ ដោយផ្អាកការសងប្រាក់កម្ចីការប្រាក់សម្រាប់រយៈពេលយ់ាងតិច៣ខែ ដូចជាប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យដែលមានសិទ្ធិពេញលេញវិញ ។

ជាការប្រតិកម្មឆ្លើយតប នៅថ្ងៃទី២៨ មេសា ២០២០ នេះ សមាគមហិរញ្ញវត្ថុពីរគឺ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានចេញសេចក្ដីការណ៍រួមមួយជូនដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាទាំងនោះវិញផងដែរ ។

នៅក្នុងសេចក្តីការណ៍ បានបញ្ជាក់ថា សមាគមហិរញ្ញវត្ថុដែលជាអ្នកធ្វើប្រតិបត្តិការផ្ទាល់ បានស្វែងយល់ច្បាស់អំពីផលប៉ះពាល់ និងបានផ្ដល់នូវដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ។

សេច្ដីថ្លែងការណ៍ បានបញ្ជាក់ថា អតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែ អាចប្រើប្រាស់ដីធ្លី ឬ អចលនទ្រព្យ ដែលខ្លួនបានដាក់ធានា ជាទ្រព្យបញ្ចាំ បានជាធម្មតា ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញនូវគោលនយោបាយតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីធានានិងការពារបានគ្រប់ភាគី ពាក់ព័ន្ធរួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវតាមនិយាមបច្ចេកទេសរបស់ស្ថាប័នមិនពាក់ព័ន្ធ ឬជម្រុញអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ។

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តន៍ទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ គឺកំពុងតែជំរុញងោយមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ ។ ម្យ៉ាងវិញទៀត អនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែជម្រុញអោយសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កអោយបាត់បង់ជំនឿទុកចិត្តពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ មានទាំងមូលនិធិរបស់ស្ថាប័នសាធារណៈ ឯកជននិងរបស់អង្គការសង្គមស៊ីវិលខ្លួនឯងផងដែរ ។ ស្ថាប័នសង្គមស៊ីវិលទាំងនោះ គួរតែស្វែងយល់អោយបានច្បាស់លាស់ថាទ្រព្យធានាមិនមែនជាកម្មវត្ថុក្នុងការអនុវត្តផ្ទុយពីច្បាប់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងនោះទេ៕