ពិធីតន្ត្រីប្រកាសដំណឹងល្អ និងចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ ក្នុងឱកាសបុណ្យណូអែល

កោះកុង ÷ គណៈកម្មាធិការគ្រឹស្ទបរិស័ទ ខេត្តកោះកុង រៀបចំពិធីតន្ត្រីប្រកាស ដំណឹងល្អ និងចែកអំណោយដល់ប្រជា ពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ២០០ គ្រួសារ ក្នុងឱកាសបុណ្យណូអែល ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សៀង សុភ័ក្រ្ត រដ្ឋលេខា ធិការក្រសួងធម្មការ និងសាសនា និងលោកស្រី ឈឺ វ៉ា អភិបាលរង នៃគណអភិបាលខេត្តកោះកុង។

លោកទូច រិទ្ធី ប្រធានគណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តកោះកុង លើកឡើងថា ថ្ងៃនេះគណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តកោះកុងបានសហការជាមួយអង្គការជាដៃគូរ one to one បាននាំមកនូវអំណោយនៃក្តីស្រឡាញ់ ចែកជូនដល់បងប្អូនខ្វះខាតចំនួន ២០០ គ្រួសារ ក្នុងឱកាសថ្ងៃបុណ្យណូអែល។ នេះជាអំ ណោយនៃក្តីស្រឡាញ់ ដែលគ្រីស្ទបរិស័ទ្ទទូទាំងពិភពលោក ដែលតែងតែចែក រំលែកដល់បងប្អូនអ្នកខ្វះខាត ក្នុងគ្រាទុក្ខលំបាក ដែលនេះវប្បធម៌នៃការចែករំលែកតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែនដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីករនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការសហការរួមចំណែកជាមួយរដ្ឋបាលខេត្ត កោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយ៉ាងល្អរបស់គ្រីស្ទបរិស័ទខេត្តកោះកុង។

ថ្លែងក្នុងឱកាសនេះដែរ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះ កុង បានលើកឡើងថា ទោះបីក្នុងរដ្ឋធម្ម នុញ្ញបានកំណត់ថា” ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ” ប៉ុន្តែរាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងផ្ដល់សេរីភាពដល់ការគោរពជំនឿសាសនាដទៃ យ៉ាងពេញ លេញ។ ជាក់ស្ដែង ឥស្លាមសាសនា គ្រឹស្ទសាសនា ក៏ត្រូវបានផ្ដល់ការគាំទ្រក្នុងការប្រតិបត្តិផ្នែកជំនឿរបស់បរិស័ទ ដោយមិនមានការរើសអើងឡើយ។ ដោយបានឃើញបងប្អូនគ្រឹស្ទបរិស័ទទាំងអស់មានសេចក្តីសុខ មានភាពរីករាយសាទរជាមួយនឹងការប្រតិបត្តិជំនឿរបស់ខ្លួន ក្រោមដំបូលសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះ.ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលរងខេត្ត បានមាន ប្រសាសន៍បន្ថែមថា ក្រោមរបបដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺរបប ប៉ុល ពត ប្រទេសជាតិត្រូវបានបំផ្លាញជាផេះ ផង់ ក្នុងនោះជំនឿសាសនានានា ក៏ត្រូវបានលុបបំបាត់ទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឈរលើមូលដ្ឋាន នៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា យើងបាន ស្ដារ កសាងនិងអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ក្នុងនោះ វិស័យជំនឿសាសនា ក៏ត្រូវបានអនុញ្ញាតនិងគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

លោកស្រី ឈី វ៉ា បន្ថែមទៀតថា សាសនាទាំងអស់នៅកម្ពុជា ក្រោមដំបូលរដ្ឋធម្ម នុញ្ញ និងអនុវត្តតាមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់អតីតប្រមុខរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន បានអប់រំមនុស្សទៅរកផ្លូវល្អ មានសេចក្តីសុខ ផ្នែកផ្លូវចិត្ត និងផ្លូវកាយ ដើម្បីកសាងសន្តិភាព ក្នុងសង្គមគ្រួសារសហគមន៍ ប្រទេសជាតិ និងពិភពលោកទាំងមូល។

ឯកឧត្តម បណ្ឌិត សៀង សុភ័ក្រ្ត រដ្ឋលេខា ធិការក្រសួងធម្មការ និងសាសនា ថ្លែងថា ក្រោមម្លប់សន្តិភាព យើងមានឱកាសជួបជុំគ្នា ធ្វើបុណ្យណូអែលរួមគ្នា ក្នុងពិធីបុណ្យណូអែលនេះ ក៏មានចែកជូនអង្ករផងដែរ។ និងថ្លែងអំណរគុណដល់គ្រឹស្ទបរិស័ទខេត្តកោះកុង ដែលបានធ្វើកិច្ចការល្អជាច្រើននៅក្នុងខេត្ត ដែលមានបណ្ដាញទំនាក់ទំនង និងក្រុមការងារជាច្រើនធ្វើកិច្ចការងារជួយដល់ខេត្ត ក៏ដូចជាការជួយដល់សង្គមជាតិ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា នៅក្នុងប្រទេសកម្ពុជារបស់យើង សុខដុមមណីយកម្មសាសនា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការគោរពប្រតិបត្តិសាសនារបស់ខ្លួនរៀងៗខ្លួន អ្វីដែលខ្លួនចង់គោរពប្រតិ បត្តិ។ ហើយថ្ងៃនេះគ្រឹស្ទបរិស័ទខេត្ត កោះកុង បានប្រារព្ធធ្វើបុណ្យណូអែល (ដែលហៅថា ខួបកំណើតយាស៊ូគ្រឹស្ទ)ដែលព្រះអង្គបានមកកើតនៅលើផែនដី៕ ដោយ សេន ពិសិដ្ឋ