សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ហូ ជីមិញ

(ហាណូយ, វៀតណាម)៖ ក្នុងកំលុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ​គណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ អតីតប្រធានរដ្ឋវៀតណាម។

នៅស្តូបលោកប្រធាន ហូ ជីមិញ នាទីក្រុងហាណូយ, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានបង្អោនកាយស្មឹងស្មាធគោរពដល់វិញ្ញាណក្ខន្ធលោក ហូ ជីមិញ ដែលជារដ្ឋបុរសរបស់វៀតណាម បានតស៊ូទាមទារឯករាជ្យ និងបង្រួបបង្រួមវៀតណាម។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​ប្រទេសវៀតណាម។


វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕