(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបចំពោះការរិះគន់នៅតាមបណ្ដាញសង្គម ករណីការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ទៅលើក្រុមឧក្រិដ្ឋជនរងគ្រោះ ដែលបង្ក្រាបបាននាពេលកន្លងទៅ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីករណី នេះ ក្រសួងយុត្តិធម៌បានចាត់ឲ្យក្រុមការងារអធិការកិច្ច ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅសាលា ដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយទទួលបានលទ្ធផលយ៉ាងជាក់ច្បាស់ជុំ វិញករណីនេះ។
បើតាមក្រសួងយុត្តិធម៌ សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងបទល្មើសគ្រឿង ញៀន លេខ ៧៤២ ចុះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានពន្លាតការស៊ើបអង្កេត ប្រឆាំងការសម្អាតប្រាក់ផងដែរ។
ផ្អែកតាមមូលដ្ឋានខាងលើ ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ ឆ្នាំង គឺជាការសម្រេចដែលត្រឹមត្រូវ និងតឹងរ៉ឹង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជា ប្រាក់ ដល់កម្រិត អតិបរមានៃទោស ដែលច្បាប់បានកំណត់។
ដើម្បីធានានូវភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ជាពិសេសពាក់ព័ន្ធនឹងវត្ថុចាប់យកដែលមិនត្រូវបាន សម្រេចរឹបអូសខាងលើនេះ ក្រសួងយុត្តិធម៌ បានសម្រេចធ្វើអធិបញ្ញាទៅអគ្គព្រះរាជអាជ្ញា នៃ មហាអយ្យការអម សាលាឧទ្ធរណ៍ភ្នំពេញ ឲ្យប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៥៥ “គ” ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមកំណត់ច្បាប់៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖