(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បាន ចេញសេចក្តីបំភ្លឺជុំវិញករណីរកឃើញសាច់បង្កកចម្រុះប្រមាណ ៣៧០តោន និងត្រូវបានបុគ្គលមួយ ចំនួនបានលើកឡើងថា ជាសាច់ដែលនាំចូលគ្មានច្បាប់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ការលើកឡើងដោយគ្មានការទទួលខុសត្រូវ បែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុង សង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ។
ខ្លឹមសារទាំងស្រុងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ដូចនេះថា នាពេលថ្មីៗ កន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កត់សម្គាល់ឃើញមានការចុះផ្សាយតាម សារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅក្នុងឃ្លាំងនោះមានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន ហើយករណី នេះត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថាជាសាច់ដែល «នាំចូលគ្មានច្បាប់»។ ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមាន ចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពី ព័ត៌មានមិនពិតបែបនេះ ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការបំភ្លឺជូនដល់សាធារណជន មេត្តាជ្រាបថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បី ស្រាវជ្រាវនិងសាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់ បង្កកទាំងនោះនៅក្នុងឃ្លាំង។
ជាលទ្ធផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមាន ប្រភពមកពីប្រទេសអ៉ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុប ប្រមាណ ៣៧០តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេស នាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបាន លើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបជូនបន្ថែមថា អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រ បសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមាន ការស្នើសុំលិខិតអនុញ្ញាតនាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ក្នុងប្រទេសកម្ពុជាឡើយ។
ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សូមជម្រាបថានាពេលកន្លងមក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់នូវសាច់បង្កក ខូចគុណភាពដែលត្រូវបានលួចនាំចូលមកកម្ពុជា តាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើន ករណី ដោយមានការចូលរួមសហការជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ ។
ការចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតដូចខាងលើបង្កឱ្យមានការយល់ច្រឡំជាសាធារណៈនិងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយដែលកំពុងអនុវត្តវិធានការមុតស្រួចដើម្បីបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ក៏ដូចជាថែរក្សាសុខុមាល ភាពសាធារណៈ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមអំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញ សារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយ និងចែករំលែកព័ត៌មាន មិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ដល់ការធ្វើ អាជីវកម្មរបស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់ កម្ពុជា៕