(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជា ពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួង បរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។
ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និង ការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិ អំពីមរតកដ៏មានតម្លៃ ពីសម័យអតីតកាល និងការធ្វើទំនើបកម្មក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ឱ្យផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា។ ស្ករត្នោតដែល បានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពល ជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត ជាក់ស្តែង ដើម្បីងាយស្រួល ក្នុងការប្រមូលផលថែមទៀត នោះគឺយើងដាំជាជួរ ដោយមានគម្លាត ៤ម៉ែត្រ ១ដើម ឡើងតែ១ដើមអាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានកាន់តែល្អប្រសើរ។ លើសពីនេះ សោភ័ណភាព នៃការដាំជួយឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ៕