(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា ជប៉ុន ដែលជាប្រធាន G7 ក្នុងឆ្នាំ២០២៣នេះបានឱ្យដឹងថាក្រុមមេដឹកនាំប្រទេស G7 នឹងរៀបចំកិច្ចប្រជុំ កំពូលតាមប្រព័ន្ធវីដេអូមួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីនៅថ្ងៃពុធ ទី៦ ខែធ្នូនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថានាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងរៀបចំកិច្ចប្រជុំកំពូល G7 តាម ប្រព័ន្ធវីដេអូ ហើយនៅក្នុងកិច្ចប្រជុំនេះ ក្រៅតែពីមេដឹកនាំ G7 ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក៏នឹងមានវត្តមានចូលរួមដែរ។
តាមលោក Hirokazu Matsuno មេដឹកនាំ G7 រួមទាំងលោក ហ្សេលេនស្គី នឹងពិភាក្សាគ្នាពីស្ថាន ការណ៍នៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងបញ្ញាសប្បនិម្មិត AI ជាដើម។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានលុបចោលកិច្ចពិភាក្សា តាម ប្រព័ន្ធវីដេអូជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈលោកត្រូវបានគេរំពឹង ថានឹងយកឱកាសនេះដើម្បីអំពាវនាវឱ្យសមាជិកព្រឹទ្ធសភាអាមេរិកបន្តគាំទ្រ និងផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន៕