សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រសួងព័ត៌មាន ឲ្យណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន បង្កើនម៉ោងផ្សព្វផ្សាយ ការបកប្រែភាសាសញ្ញា អក្សររត់


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រាប់ក្រសួងព័ត៌មាន ឲ្យណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន បង្កើនម៉ោងផ្សព្វផ្សាយ ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ ពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា»


បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមាន ពិការភាពដែល មានលក្ខណសម្បត្តិ និង សមត្ថភាពឲ្យបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខ តំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើ ការងារ ជាមន្ត្រី រាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ឲ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹក នូវកាតព្វកិច្ចជ្រើសរើស ជនមានពិការភាព ឲ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូច អ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។


លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព៕